(ភ្នំពេញ)៖ អ្នកបើកបរយានយន្ត៦នាក់ទៀតហើយ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ ហើយនៅតែបន្តបើកយានយន្ត ដោយមិនគិតពីសុវត្ថិភាពរបស់ខ្លួនឯង និងអ្នកដៃ។  

បើយោងតាមរបាយការណ៍ អំពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៩៩៥គ្រឿង (ម៉ូតូចំនួន៥៨២គ្រឿង និងរថយន្ត៤១៣គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៣០២គ្រឿង (ម៉ូតូ២០៤គ្រឿង និងរថយន្ត៩៨គ្រឿង) អប់រំអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងក្រោម ០.២៥ ចំនួន១០នាក់ (ម៉ូតូចំនួន៩នាក់ និងរថយន្តម្នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់ ០.៣៩ មីលីក្រាម៤នាក់ (ម៉ូតូម្នាក់និងរថយន្តចំនួន៣នាក់។

លើសពីនេះទៅទៀតនោះ កម្លាំងនគរចរាចរណ៍បានធ្វើការឃាត់ខ្លួន អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៤នាក់ មានអត្រាជាតិអាល់កុលពី ០.៦៣ ដល់ ០.៧១ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៤៧ និង០.៨០ MgL/ខ្យល់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣០លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៥០នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៥៨នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន១៩២នាក់៕