(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ទី១៤ ថ្ងៃព្រហស្បតិ៍ ទី១៥ និងថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារជូនពរដល់ជូនរួមជាតិទាំងអស់ និងសូមប្រសិទ្ធពរ បវរមហាប្រសើរ សូមទទួលបានពរជ័យ សិរីសួស្ដី មហាមង្គល វិបុលសុខគ្រប់ប្រការ និងទទួលបានជោគជ័យធំថ្មីៗបន្ថែមទៀត។ នេះតាមសារជូនពរដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារជូនពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានលើកឡើងថា ក្នុងឱកាសមហាសង្ក្រាន្តទាំងបីថៃ្ងនេះ ប្រជាពលរដ្ឋយើងរៀបចំរណ្តាប់គ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រៃ និងទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ ពិធីទាំងនេះជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចោលឱ្យ ជរះស្រឡះ នូវភាពអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួង ក្នុង ឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញានៅក្នុងឆ្នាំថ្មីនេះ។

សម្តេចវិបុលសេនា បានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមជឿជាក់លើគោលដៅនៃការកសាងព្រះរាជាណាចក្រកម្ពុ ជា ជានីតិរដ្ឋរីកចម្រើនសម្បូរសប្បាយ ក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងឯកភាពជាតិ ស្មើមុខ ស្មើសិទ្ធជាមួយប្រទេសនានា ក្នុងតំបន់ និងលើសកលលោក។ ដោយមានការខិតខំប្រឹងប្រែងជាអតិបរមា និងកម្លាំងមហាសាមគ្គីជាតិរឹងមាំ ព្រមជាមួយនឹង ការឧបត្ថម្ភគាំទ្រ របស់ប្រទេសជាមិត្តជិតឆ្ងាយ និងអង្គការអន្តរជាតិនានា ប្រជាជាតិយើងជម្នះបាននូវឧបសគ្គ និង ការលំបាកតូចធំផងទាំងឡាយប្រកបដោយជោគជ័យ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម បានខិតខំបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងបានធ្វើឱ្យកម្ពុជារក្សាបានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន ការអភិវឌ្ឍ ហើយដែលប្រជាពលរដ្ឋទាំងមូល សុទ្ធតែទទួលបាន គុណប្រយោជន៍ ដោយសមធម៌ និងតម្លាភាព។

ក្នុងសារជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងលើមូលដ្ឋាននៃមហាសាមគ្គីឯកភាពជាតិរឹងមាំ ដំណើរទៅមុខរបស់ជាតិយើងប្រព្រឹត្តទៅដោយរលូន និងមានជោគជ័យជាបន្តបន្ទាប់។

«ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសមេ្តចព្រះ នរោត្តម សីហនុ ព្រះបរមរត នកោដ្ឋ សូមទ្រង់ព្រះមេត្តាជួយប្រោះព្រំ ប្រទានពរជ័យ ថ្វាយព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង និងសមេ្តចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈសូមព្រះអង្គ មាន ព្រះជន្មយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ ត្រជា ក់ ត្រជំសុខដុមរមនាសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ»

ខាងក្រោមនេះជាសារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖