(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ តុលាការ​កំពូល​ បានប្រកាសបន្ត​​ឃុំខ្លួន​លោក​ ហុង​ សុខ​ហួរ​ ព្រោះ​យល់​ឃើញ​ថា​ ការ​សម្រេច​​របស់​​សភា​ស៊ើប​​​សួរ​​សាលាឧទ្ធរណ៍​ ត្រឹមត្រូវ​។ ចំណែកលោក ហុង សុខហួរ ពុំត្រូវបាបបញ្ជូនមកកាន់​តុលាការ​កំពូលនោះទេ នៅក្នុងសវនាការនា​ព្រឹកថ្ងៃនេះ។

សូមជំរាបថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះ លិខិតសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមក្លែងក្លាយ នៅលើបណ្តាញសង្គម Facebook របស់លោក សម រង្ស៊ី ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តុលាការបានសម្រេចឃុំខ្លួន លោក ហុង សុខហួរ ដាក់ពន្ធនាគារព្រៃស ដោយតុលាការបាន ចោទប្រកាន់ចំនួន៣ បទល្មើស។

បទចោទទាំង៣នោះ រួមមាន បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី៥ ទៅ ១០ឆ្នាំផងដែរ៕