(ប៉ៃលិន)៖ មន្រ្តីសមត្ថកិច្ចខេត្តប៉ៃលិន បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី​រំលងអាធាត្រ ឈានចូលថ្ងៃទី២ ខែមីនា ខណៈ ប្រជាពលរដ្ឋបានឮសំឡេងផ្ទុះអាវុធ ជាច្រើនគ្រាប់ ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ សម្រស់ជាយក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សជាង១០នាក់ ដែលគេស្គាល់ថា ជានគរបាលនៃស្នងការដ្ឋានខេត្តប៉ៃលិន បានចូលផឹកស៊ី ក្នុងហាងមួយកន្លែង កាលពីវេលាម៉ោង​៩៖០០នាទី យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ក្រោយមកស្រាប់តែឮសូរសំឡេងផ្ទុះ​អាវុធជាច្រើនគ្រាប់​ក្នុងហាងនោះ ដោយឮសំឡេង ស្រែកឡូឡា និងមានមនុស្សរត់​ចេញ​មកខាង​ក្រៅ​ហាង​ជាច្រើននាក់ ខ្លះរត់ពួនក្នុងព្រៃ។ មុនពេលកើតហេតុ មានមនុស្សមួយ​ក្រុមជិះ​រថយន្តមួយគ្រឿង ចូលមកក្នុងហាង​យីហោ ខាងលើ ដោយស្ថានភាព​ស្រវឹងស្រាប់ ព្រមទាំងមានអាវុធ នៅនឹងចង្កេះ ដោយចូលហូប​ក្នុងកញ្ចុះលេខ៩ ។ បន្ទាប់ពីចូលក្នុងកញ្ចុះរួច ក្រុមនគរបាលទាំងនោះ បានហៅនារីក្នុងហាងឲ្យ​មកទទូលពួកគេ តែដោយមានភ្ញៀវ​នៅកញ្ចុះ​ផ្សេងហៅ នារីទាំងនោះមុន ឃើញដូច្នោះស្រាប់​តែមាននគរបាល៤​ទៅ៥នាក់ បានដើរទៅមើលកញ្ចុះ​ដែលភ្ញៀវផ្សេងចូល ហើយបាននិយាយទៅកាន់ភ្ញៀវ​ទាំងនោះថា «ពួកហ្អែង​មាន​ជក់គ្រឿង​ញៀនអត់» ពេល​នោះ​ភ្ញៀវទាំង​នោះឆ្លើយ «មិនបានជក់ទេ» ។ ពេលនោះពួកនគរបាលទាំងនោះនិយាយថា «បើមិនជក់ប្រយ័ត្នអញពិនិត្យទឹកនោម» ប៉ុន្តែ ត្រូវភ្ញៀវម្ខាងប្រាប់មកថា «ពិនិត្យៗ ទៅបើពួកយើងអត់ជក់ផង»។ ស្រាប់តែ ឮសូផ្ទុះអាវុធមួយគ្រាប់ នៅខាងមុខកញ្ចុះភ្ញៀវនោះ ហើយក៏ឃើញភ្ញៀវទាំងនោះរត់ចេញមកក្រៅ។

ម្ចាស់ហាងឈ្មោះ ណូ ភេទស្រី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មិនបាននៅក្នុងហាងនោះទេ ព្រោះជាប់កម្មវិធីខាងក្រៅ តែក្រោយពីផ្ទុះអាវុធ​មួយគ្រាប់ទើបគាត់មកដល់ ហើយរូបគាត់​បានស្នើសុំ​ឲ្យក្រុម​នគរបាល​ទាំងនោះឈប់បាញ់ តែពួកគេ នៅតែបាញ់ដដែល រួចពួកគេក៏ចេញមកខាងមុខហាង ហើយបាញ់ជាច្រើនគ្រាប់ទៀត រួចបើកឡានទៅបាត់តែម្តង។

សាក្សីបានឲ្យដឹងថា ការបាញ់នេះគឺ មានសំបកគ្រាប់ ប្រហែលជាង១៣សំបក និងគ្រាប់បៀមមួយ  ចំណែកកាំភ្លើងដែលបាញ់ជា កាំភ្លើងខ្លីម៉ាកឡុក និងK54។ ជនសង្ស័យដែល​បាញ់បោះដោយសេរីឈ្មោះ ចាន់ វាសនា និងឈ្មោះ គូរ៉ូ ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

ករណីខាងលើនេះ ត្រួវបានមន្ត្រីអាវុធហត្ថខេត្តចុះទៅពិនិត្យកន្លែងបង្ក កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣ ខែមីនា ព្រមទាំងប្រមូលវត្ថុតាង មកធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកមុខសញ្ញាជន​បាញ់បោះដោយសេរីនេះ​ផងដែរ៕