(ស្វាយរៀង)៖ យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ប្រទេសជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋាន ខេត្តស្វាយរៀង បានចាត់វិធានការណ៍ដាក់ប៉ារ៉ាស់ ព្រំប្រទល់រវាងខេត្ត និងខេត្តចំនួន ២៦គោលដៅ មិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត ក្នុងនោះរមណីយ ដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក៏ត្រូវបិទជាបណ្តោះអាសន្ន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់រវាង ខេត្តស្វាយរៀង និងខេត្តព្រៃវែង មានចំនួន ២៦គោលដៅ ដោយប្រើប្រាស់កម្លាំង ចម្រុះសរុបរួម ១៧៩នាក់ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៧១នាក់ និងកងរាជអាវុធហត្ថស្រុក៩នាក់ យោធាស្រុកចំនួន ១៦នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣នាក់។

ទីតាំងគោលដៅទាំងនោះរួមមាន៖ ស្រុករមាសហែក មានព្រំប្រទល់ជាប់ ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន ១៩គោលដៅដោយប្រើប្រាស់ កម្លាំងចម្រុះ សរុប១១៦នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៣២នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់ កម្លាំងយោធាស្រុកចំនួន ០៦នាក់ កម្លាំងប្រជាការពារចំនួន ៧៤នាក់។

ស្រុកស្វាយជ្រំ មានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន ០៧គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុប៦៣នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៣៩នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក ០៥នាក់ កម្លាំងយោធាស្រុកចំនួន ១០ នាក់ និងប្រជាការពារចំនួន០៩នាក់។

សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ ១៩នៅខេត្តស្វាយរៀង មិនទាន់ថមថយនៅឡើយទេគឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់គិត្រឹមថ្ងៃទី៨ ខែមេសានេះមានអ្នកឆ្លងជំងឺ កូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈមានចំនួន១២៩នាក់ហើយ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ មានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួលស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិត៕