(កំពង់ធំ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមប្រព័ន្ធវីដេអូ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យការអនុវត្តន៍បទបញ្ជា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងពិនិត្យកិច្ចការចាំបាច់ផ្សេងៗ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: សុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរលោក សុខ លូ បានលើកឡើងថា «បច្ចុប្បន្ននេះ ប្រទេសរបស់យើងកំពុងតែទទួលរងគ្រោះដោយព្រឹត្តិការណ៍២០កុម្ភ: ដែលឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នៅមិនទាន់មានការធូរស្រាលនៅឡើយទេ។ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រហូតដល់ចេញសេចក្តីសម្រេចកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»

ជាមួយគ្នានេះលោក សុខ លូ បានជម្រុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវខិតខំអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលខ្លឹមសារ នៃសេចក្តីសម្រេចនេះប្រព្រឹត្ត ទៅមានរយៈពេល ១៤ថ្ងៃ ដោយយើងបានអនុវត្តគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរឹង១៩ ពីភូមិសាស្រ្ត នៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។

លោក សុខ លូ បានក្រើនរំលឹកដល់ស្រុកដែលមានព្រំប្រទល់ជាប់នឹងខេត្តផ្សេងៗ សូមបង្កើនការយកចិត្តទុកដាក់ទៅលើការអនុវត្តការងារ និងតួនាទីរបស់ខ្លួនឲ្យបានហ្មត់ចត់ជាពិសេសសូមលោកអភិបាលក្រុងស្រុក លោកមេឃុំ ចៅសង្កាត់ មេភូមិ ខិតខំចុះសាកសួរសុខទុក្ខបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះឲ្យបានញឹកញាប់ផងដែរ។

ម្យ៉ាងវិញទៀត លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ហើយបើគ្មានការចាំបាច់សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា៕