(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាស់តឿនដល់មន្រ្តីគ្រប់ផ្នែកទាំងអស់ ឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសូងសុខាភិបាល ក៏ដូចជាបម្រាមនានា មានបម្រាមធ្វើដំណើរឆ្លងកាត់ពីខេត្តមួទៅខេត្តមួយជាដើម គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងខ្លួនឯងទាំងមន្ត្រីក្រោមឱវាទ និងក្រុមគ្រួសារផងដែរ ។

លោក វង សូត បានបញ្ជាក់ថា «សូមមន្ត្រីជាថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងរបស់យើង ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញ ក៏ដូចជាវិធានការរបស់អាជ្ញាធរមានវិធានការ «៣ការពារ ៣កុំ ២ចូលរួម», ការបិទចរាចរណ៍ពីម៉ោង ៨យប់ ដល់ម៉ោង៥ព្រឹកនៅរាជធានីភ្នំពេញ, ការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋាននានា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ជាដើម គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ទាំងខ្លួនឯងផ្ទាល់ ហើយក៏ត្រូវប្រាប់ទៅមន្ត្រីក្រោមឱវាទ ឬចំណុះស្ថាប័នរបស់ខ្លួនទាំងអស់ រួមទាំងក្រុមគ្រួសារផង អនុវត្តឱ្យបានម៉ឺងម៉ាត់គ្រប់ៗគ្នាដែរ»

លោកបានបន្ថែមថា «ជាការពិតណាស់ ការដាក់ចេញនូវបម្រាម ឬវិធានការទាំងនោះ មិនមែនជាគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែវាគឺជាវិធានការដ៏ចាំបាច់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ពុំនោះទេ យើងអាចនឹងជួបនូវមហន្តរាយពីជំងឺកូវីដ១៩ កាន់តែធំធេង កាន់តែធ្ងន់ធ្ងរ ដ៏គ្មានអ្នកណាម្នាក់អាចប៉ាន់ប្រមាណបានឡើយ»។ នេះគឺជាការក្រើនរំឭកម្តងហើយម្តងទៀតរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃក្រសួងសង្គមកិច្ច នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ»។

រដ្ឋមន្ត្រីសង្គមកិច្ចរូបនេះ ក៏បានប្រាប់ទៅថ្នាក់ដឹកនាំទាំងអស់ នៃ ក្រសួងសង្គមកិច្ច ត្រួវពិនិត្យផ្ទៀងផ្ទាត់នូវមន្ត្រីរបស់ខ្លួនថា មន្ត្រីណាខ្លះ បានចាក់ហើយនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មន្ត្រីប៉ុន្មានាក់នៅមិនទាន់បានចាក់ និង ដោយសារហេតុអ្វី ហើយត្រូវធ្វើរបាយការណ៍ ដើម្បី ចេញវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ។ ចំណែកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធ រៀបចំផែនការសម្របសម្រួលត្រៀមសម្រាប់ចាក់វ៉ាក់សាំងលើកទី២។

រដ្ឋមន្ត្រី វង សូត ក៏បានកោតសរសើរ ចំពោះមន្ត្រីគ្រប់ផ្នែករបស់ក្រសួងសង្គមកិច្ច ដែលបានយកចិត្តទុកដាក់ខំប្រឹងប្រែងខ្នះខ្នែង ជម្នះនូវរាល់ឧបសគ្គទាំងពួង ក្នុងដំណាក់កាល នៃ ជំងឺកូវីដ-១៩ នេះ ជំរុញឱ្យការងាររបស់ខ្លួនក្នុងការផ្តល់សេវាសង្គមកិច្ច ឱ្យនៅតែដំណើរការជាប្រក្រតី ហើយសូមមេត្តាបន្តប្រតិបត្តិការងាររបស់ខ្លួនឱ្យដំណើរការជាប្រក្រតីនេះតទៅទៀត កុំឱ្យគាំងស្ទះឡើយ ព្រោះការងារផ្តល់សេវាជូនជនគោលដៅរបស់ក្រសួងសង្គមកិច្ច ដូចជាអតីតយុទ្ធជន, និវត្តជន, ជនមានពិការភាព, គ្រួសារក្រីក្រ និងងាយរងគ្រោះ, កុមារ និងជនចាស់ជរាជាដើម គឺជាអ្វីដែលមិនអាចខកខានបានទេ ហើយជនគោលដៅទាំងនោះ ក៏មិនអាចរង់ចាំរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើយ៕