(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មបណ្ដោះអាសន្នសណ្ឋាគារ កាស៉ីណូ រ៉េដឡានធើន អ៉ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅផ្លូវឯករាជ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានទទួលព័ត៌មានថា មានករណីសង្ស័យអំពីការឆ្លងជំងឺនេះ ដល់បុគ្គលិកសណ្ឋាគារ កាស៉ីណូ រ៉េដឡានធើន អ៉ិនធើណេសិនណល ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល ក៏បានយកវត្ថុសំណាកពីអ្នកសង្ស័យដើម្បីពិនិត្យរកជំងឺកូវីដ១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគន៍តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្នការចេញ-ចូលសណ្ឋាគារ និងកាស៉ីណូនោះជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ទៅកម្សាន្ដ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលស្នាក់នៅក្នុងទីតាំងនោះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នកស្នាក់នៅក្នុងសណ្ឋាគារ និងកាស៉ីណូនោះទាំងអស់ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩៕