(ភ្នំពេញ)៖ នៅក្នុងបទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធជូនដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបប្រមាណ ៥០ក្រុមហ៊ុន ដែលស្វែងរកឱកាសវិនិយោគ នៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងវិស័យធុរកិច្ច ឯកជន រៀបចំកម្មវិធីអប់រំកម្មករនិយោជិករបស់ខ្លួនឱ្យយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។

បទបង្ហាញនេះដែរបានធ្វើឡើងនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសាធារណការ តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមការសម្របសម្រួលពីសភា ពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា(IBC) ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។

កម្មវិធីធ្វើបទបង្ហាញនេះរៀបចំឡើងដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជាដើម្បីជួយឱ្យវិនិយោគិនបានស្វែង យល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីក ចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ អំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាននឹងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារ ធ្វើគ្រប់ៗគ្នា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹងប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀតដែលក្នុងនោះ រួមមាន គម្រោងជាច្រើនដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវ ពីបាត់ដំបង ទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែទឹកជ្រៅ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបួន គម្រោង សាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្បទាន រវាងក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរី និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអនុលោមតាមផែនការមេភស្តុភារកម្មជាតិអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបាន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅផ្លូវការ ចំណេញពេលវេលា និងកម្មវិធី (App) មួយថ្មីទៀត ដែលអាចចាប់យករូបភាពយានយន្តបើកបរល្មើសច្បាប់ ហើយស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើសផងដែរ៕