(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្រក់ទឹកភ្នែកជាថ្មីម្តងទៀត នៅពេលចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលជាស្វាមីរបស់​ឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅម៉ោង៤៖០០នាទី រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៦នេះ ដោយរោគាពាធក្នុងជន្មាយុ ៦៦ឆ្នាំ។ ពេលនេះសពរបស់លោកកំពុងតម្កល់ក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

កាលពីម្សិលមិញ សម្តេចតេជោ បានអះអាងថា សម្តេចបានស្រក់ទឹកភ្នែកម្តងហើយ នៅពេលដែលទទួលដំណឹងអំពីមរណភាពនៃឥស្សរជន លោក ប៉េង ប៉ាត់។ សម្តេចបានសរសេរនៅលើ Facebook ថា «ខ្ញុំពុំមានអ្វីក្រៅពី​ទឹកភ្នែកជូនដំណើរ​មិត្តជា​ទីស្រឡាញ់ និង បួងសួង​សុំឱ្យវិញ្ញាណក្ខន្ធ​យុទ្ឋមិត្ត ប៉េង ប៉ាត់ ទៅកាន់សុគតិភព​នោះឡើយ»