(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសចាប់ពីវេលាម៉ោង ១២៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងចំនួន១៦០នាក់ បានដាក់តាមគោលដៅឃាត់ការធ្វើដំណើរចំនួន៧គោលដៅ ទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, លោក សាន់ យូ អភិបាលរកខេត្តកំពង់ឆ្នាំង និងលោក ឆាយ លីភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងកម្លាំងដែលកំពុងឈរជើងក្នុងគោលដៅ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានទីតាំងស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង។

ក្នុងឱកាសចុះត្រួតពិនិត្យ ដល់កងកម្លាំងខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ថា ដោយអនុវត្តតាមសេចក្តីសម្រេចរបស់ប្រ មុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅវេលាម៉ោង ១២៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង មានកម្លាំងនគរបាលកម្លាំង កងរាជអាវុធហត្ថ និងអាជ្ញាធរ បានសហការគ្នាដាក់គោល ដៅជាប់ព្រំប្រទល់ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ មានចំនួន៧ គោលដៅ ក្នុងនោះមាននៅក្នុងស្រុកបរិបូណ៌ ១គោលដៅ, ស្រុកកំពង់លែង១គោលដៅ, ស្រុកជលគីរី១គោលដៅ, ស្រុកកំពង់ត្រឡាច១គោលដៅ, ស្រុកសាមគ្គីមានជ័យ១ គោលដៅ និងស្រុកទឹកផុស២គោលដៅ ដើម្បីហាមឃាត់ការចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយ ដោយមិនមានការយោគយល់ឡើយ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថា គោលដៅទាំង៧ចំណុចខាងលើនេះ គឺមាន២ស្រុក បានបែងចែកជាគោលដៅតូចៗ មានដូចជា ស្រុកទឹកផុស មាន២គោលដៅ គឺព្រំប្រទល់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នឹងព្រំប្រទល់ឃុំក្តុលសែនជ័យ ជាប់ជាមួយខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៧។

ដោយឡែកស្រុកសាមគ្គីមានជ័យវិញ មានភូមិសាស្រ្តស្មុគស្មាញ គឺបានដាក់៨គោលដៅតូចៗបន្ថែមទៀត ដូច្នេះសរុបគោលដៅធំៗមានចំនួន០៧ គោលដៅ និងគោលដៅតូចៗមានចំនួន១០គោលដៅ ក្នុងការអនុវត្តវិធានការខាងលើ ដោយប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់គោលដៅ គឺត្រូវបានឃាត់ និងណែនាំអោយគាត់វិលត្រឡប់ទៅគោលដៅដើមវិញ ដោយមិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ លើកលែងតែរថយន្តដឹកទំនិញ រថយន្តមន្ទីរពេទ្យ និងរថយន្តដែលមានភារកិច្ចចាំបាច់។

ដោយឡែកលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ឬបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំង មេត្តាចូលរួមអនុវត្តតាមវិធានការនេះឲ្យបានម៉ឺងម៉ាត់ ដោយកុំចរាចរណ៍ទៅមក ព្រោះការបិទការចរាចរណ៍ទៅមកនេះ មានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ ដើម្បីសុខុមាលភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ចៀសផុតពីជម្ងឺឆ្លងដ៏កាចសាហាវនេះ៕