(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការីករាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ តម្រូវឱ្យភ្ញៀវដែលធ្វើដំណើរឆ្លងសាឡងរបស់ខ្លួនអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់សុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ទើបអនុញ្ញាតឱ្យឆ្លងសាឡងពីត្រើយម្ខាងទៅកាន់ត្រើយម្ខាងទៀត។

លោក ផុន គឹមឡុង តំណាងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា សម្រាប់កំពងដររបស់លោកបច្ចុប្បន្ននេះ មានសាឡាងសរុប១០គ្រឿង ដោយក្នុងនោះមានសាឡងចំនួន៨ បានធ្វើចរាចរណ៍ដឹកជញ្ជូន ភ្ញៀវពីភ្នំពេញ-អរិយក្សត្រ និងសាឡងចំនួន២គ្រឿងទៀត ដឹកជញ្ជូនភ្ញៀវពីភ្នំពេញ ឆ្លងទៅកាន់សណ្ឋាគារសុខា។

បើតាមតំណាងរូបនេះ បានបញ្ជាក់ រហូតមកដល់ពេលនេះ បុគ្គលិកដែលបម្រើការងារនៅកំពង់ចម្លងរបស់លោកជាង ៩០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១។

ក្រៅពីនេះ ដើម្បីចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបំរាមគោចររបស់រាជរដ្ឋាភិបាលកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានសម្រេចបិទកាណូតចម្លង ចាប់ពីវេលាម៉ោង ៨យប់ រហូតដល់ ៥ទៀបភ្លឺ រយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១)។ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដូចជាការដឹកជញ្ជូនអ្នកជំងឺ, រថយន្តសង្គ្រោះបន្ទាន់, រថយន្តពន្លត់អគ្គិភ័យ, កងកម្លាំងមានសមត្ថកិច្ចជាដើម។ល៕