(កំពង់ស្ពឺ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកស្រី អ៊ឹង ហ្គេចប៊ួយ ជាតំណាងរោងចក្រ «វ៉ាសាន់ អេចខេ ហ្វាក់ធើរី ខូអិលធីឌី» ដែលជារោងចក្រផលិតកាបូប ព្រមជាមួយក្រុមការងារ បានចូលរួមឧបត្ថម្ភម៉ាស់ចំនួន ៣២០កេស ស្មើនឹង ៦៤០,០០០ម៉ាស់ ដែលមានតម្លៃសរុបប្រមាណ ៣២,០០០ដុល្លារអាមេរិក ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ចែងប្រើប្រាស់ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីទទួលម៉ាស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត គឺដូចជាបានជួយទ្រទ្រង់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងខេត្ត ជាងនេះទៅទៀតហាក់បានជួយសម្រួល បន្ទុកដល់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង និងជំងឺកាចសាហាវកូវីដ១៩ ដែលរាតត្បាតលើសកលលោក បានសម្លាប់ជីវិតរាប់លាននាក់។

លោកអភិបាលខេត្ត នៅតែអំពាវនាវចំពោះសប្បុរសជនទាំងឡាយ មានបំណងជួយសម្រាលចំពោះកិច្ចការខាងលើ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនសប្បុរសនៅតែបន្តជួយដើម្បីផ្តល់ជូនចំពោះប្រជាពលរដ្ឋ ដែលការខ្វះខាតបន្ត៕