(ពោធិ៍សាត់)៖ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ នេះបើយោងតាមសេចក្តីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងកាលៈទេសៈនេះ ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខមាលភាព និងសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ណែនាំ និងត្រួតពិនិត្យតាមដាន ឱ្យបានជាប់ប្រចាំនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន។

*ទី២៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវក្ដាប់មុខសញ្ញា និងអនុវត្តរបបរាយការណ៍ប្រចាំថ្ងៃ អំពីចរន្តចំណូលស្រុក តម្រូវឱ្យអនុវត្តវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាកំហិត។

*ទី៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងឃុំ-សង្កាត់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តដាក់ចេញដូចខាងក្រោម៖

ក.ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវ៖

*ទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត។
*សកម្មភាពទទួលភ្ញៀវសម្រាប់អាជីវកម្មរួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ដែលនាំឱ្យមានមនុស្សជួបជុំក្នុងចំនួនច្រើន ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។
*រាល់សកម្មភាពកីឡា និងការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្ត សប្បាយនានា នៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន។
*ការរៀបចំលេងល្បែងប្រជាប្រិយ រាំកម្សាន្ត ការជួបជុំពិសារគ្រឿងស្រវឹង ការលេងជះទឹត បាញ់ទឹក ប៉ាតម្សៅ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ជាយថាហេតុ និងការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
*ផ្អាកការជួបជុំតាមសួន និងទីសាធារណៈក្នុងខេត្ត ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់វេលាម៉ោង៤៖០០នាទីព្រឹក។

ខ.ត្រូវបានលើកលែងនូវ៖

*ការជួបជុំលក្ខណៈសមាជិកគ្រួសារ ដែលរស់នៅក្នុងគេហដ្ឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសព ដោយត្រូវកម្រិតមិនឱ្យមានការជួបជុំមនុស្ស ក្នុងទ្រង់ទ្រាយធំ និងអនុវត្តគោរពយ៉ាងម៉ឺងម៉ាត់នូវវិធាន ការអនាម័យរបស់ក្រសួងសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។

*ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការណែនាំដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្ត ត្រូវចាត់ចែងអនុវត្តតាមសេចក្តីណែនាំ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

*ទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណ៏ជាតិខ្មែរ និងត្រូវដឹកនាំអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅពេលនេះ។

ក្រោយទទួលបានការណែនាំខាងលើសូមអភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការ «៣កុំ និង៣ការពារ» ដើម្បីក្រុមគ្រួសារ និងការពារសហគមន៍ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមកាត់បន្ថយឱ្យបានជាអតិបរមានូវការជួបជុំនានា ដែលមានការប្រមូលផ្ដុំមនុស្សច្រើនមិនត្រូវចេញទៅក្រៅផ្ទះ ប្រសិនបើមិនមានករណីចាំបាច់ និងសូមផ្អាកនូវរាល់ការធ្វើដំណើរកំសាន្តនានា ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសទៅតំបន់ដែលមានហានិភ័យខ្ពស់ ដែលកំណត់ដោយក្រសួងសុខាភិបាល៕