(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចាប់ផ្តើមអនុវត្តនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលហាមឃាត់ការធ្វើដំណើរចេញចូលក្នុងខេត្តហើយ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធរស្រុកជីក្រែង ដែលមានភូមិសាស្រ្ដជាប់ខេត្តកំពង់ធំ បានចាប់ផ្តើមអនុវត្តកិច្ចការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបិទចរាចរមិនឲ្យឆ្លងខេត្តមួយទៅខេត្តមួយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា។

លោកអភិបាលរងដែលបានចុះពិនិត្យការរៀបចំនេះបានបញ្ជាក់ថា អាជ្ញាធរមិនអនុញ្ញាតឲ្យមានការចូលខេត្តទេ លើកលែងករណីចាំបាច់ដូចជាចូលមន្ទីរពេទ្យ ករណីមានលិខិតបេសកកម្មជាដើម។ ចំណែកពលរដ្ឋធម្មតាមិនអនុញ្ញាតឲ្យចេញចូលនោះទេ។

តាមការអះអាងរបស់លោក នាក់ ណេរ៉ុន ស្ថានភាពរៀបចំនៅព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំ មិនបញ្ហាណាចោទឡើងនោះទេ ព្រោះប្រជាពលរដ្ឋទទួលបានព័ត៌មានទូលំទូលាយ និងចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ៕