(ភ្នំពេញ)៖ ពិតជាមហាគ្រោះថ្នាក់គ្រោះខ្លាំងណាស់ ដែលទូកុងតឺន័រដ៏ធំ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ បានដាច់ធ្លាក់ពីលើរថយន្ត បណ្តាលឲ្យសង្កត់ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងនៅជាប់គ្នា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែមហាសំណាង ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាម្នាក់ គ្រាន់តែម្នាក់ៗ ដែលឃើញហេតុការណ៍មានការភ័យខ្លាច ព្រលឹងចុងសក់គ្រប់ៗគ្នា។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានរាយការណ៍ថា តាមការពិនិត្យម្ចាស់ក្រុមហ៊ុន មិនបានដាក់គន្លឹះ​ឲ្យបានត្រឹមត្រូវនោះទេ ពោលគឺ​ទូកុងតឺន័រ​ទាំងមូល បែរជាយកខ្សែទៅចងទៅវិញ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុម៧១១របស់កងពលតូចលេខ៧០ បានចេញទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីយកចេញកុំឲ្យរាំង​ស្ទះ​ផ្លូវដល់​ប្រជាពលរដ្ឋ​​ឆ្លងកាត់​ទីនោះ

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជនរងគ្រោះដែលលក់ចាបហួយ និងកាត់ដេរអស់ជាច្រើន ព្រមទាំងបំផ្លាញបង្គោល ភ្លើងមួយដើម និងដាច់ខ្សែភ្លើង​ជាច្រើនផងដែរ កុំតែបានបង្គោលភ្លើងជួយទប់ កុំអីទូកុងតឺន័រ នឹងធ្លាក់ត្រូវមនុស្សទាំងចាស់ ទាំងក្មេងជាច្រើននាក់ស្លាប់ និងរបួសជាក់ជាមិនខានឡើយ៕

 

Posted by Fresh News Photo on Thursday, March 3, 2016