(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការ​ដឹកនាំបញ្ជាពី នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌឬស្សីកែវ កម្លាំងជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងជំនាញការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន បានសហការគ្នា ធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលជាច្រើនខែ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង នូវមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលា ម៉ោង១០៖១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្ត ក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ស្ពានជ្រោយចង្វារ ដោយចាប់យកបាន គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីនអាយស៍ ជាងបីគីឡូក្រាម និង ថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីនគ្រាប់ ចំនួន១៧សុង និងធ្វើការឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះ ឌី ធូរ៉ា ហៅត្រា ភេទប្រុសអាយុ៣២ឆ្នាំ ក្នុងខណៈពេលដែល បុរសរូបនោះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង។

តាមរយៈចម្លើយសារភាពរបស់ជនល្មើស ដែលឃាត់ខ្លួនបានខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញអ្នកជាប់ពាក់ព័ន្ធ បាន០៥នាក់ ផ្សេងទៀត ដែលជាទណ្ឌិតកំពុង​អនុវត្ត​ទោស ក្នុងពន្ធនាគារ ក្នុងនោះមានជនជាតិខ្មែរ០២នាក់ ជនជាតិវៀតណាម០១នាក់ និងជនជាតិស្បែកខ្មៅ០២នាក់។

ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនល្មើសដែលត្រូវឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើសកម្មភាពជួញដូរគ្រឿងញៀននេះ គឺក្រោមការចាត់ចែងបញ្ជាផ្ទាល់ ចេញពីក្នុងពន្ធនាគារ ដែលមានជនជាតិវៀតណាមម្នាក់ និងជនជាតិស្បែកខ្មៅពីរនាក់ ជាមេក្លោងធំ រីឯជនជាតិខ្មែរពីរនាក់ទៀតដែលនៅក្នុងគុកដែរនោះ ជាអ្នកទំនាក់ទំនងជាមួយមេក្លោងធំ បញ្ជាតមកក្រៅ ហើយឈ្មោះ ឌី ធូរ៉ា ដែលនៅខាងក្រៅ គឺចាំទទួលបញ្ជា ពីអ្នកនៅក្នុងគុកឲ្យចាំទទួលថ្នាំញៀន ពីមនុស្សផ្សេងទៀត ដែលវាមិនស្គាល់ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិស្បែកខ្មៅ ដែលធ្លាប់បានប្រគល់ថ្នាំញៀនឲ្យវា ជាអ្នកយកទៅបែងចែកបន្ត នៅពេលមានបញ្ជាពីអ្នកនៅក្នុងគុកតាមរយៈទូរស័ព្ទ ថាត្រូវយកទៅឲ្យអ្នកណា នៅកន្លែងណា ចំនួនប៉ុន្មាន ហើយអ្នកដែលមកទទួលយកពីវា ក៏វាមិនស្គាល់ដែរ។

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្កើត គណកម្មការ ដែលមានការចូលរួមត្រួតពិនិត្យពីព្រះរាជអាជ្ញា ហ៊ឹង ប៊ុនថន និងលោក ឡេង ណាង ជាក្រឡាបញ្ជី ដើម្បីធ្វើការរាប់ចំនួន ថ្លឹង និងធ្វើតេស្ត៍ ជាលទ្ធផលឃើញថាមាន ថ្នាំគ្រាប់WY ឬមេតំហ្វេតាមីនគ្រាប់ មានចំនួនជាង១០ម៉ឺន (ដប់ម៉ឺនបីពាន់ប្រាំមួយរយគ្រាប់) និងម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីន​អាយស៍ ចំនួន៣គីឡូក្រាមមួយខាំ។ តាមរយៈការធ្វើតេស្ត៍ឃើញថា ថ្នាំញៀនទាំងអស់នោះ មានគុណភាពសុទ្ធ១០០ភាគរយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលបានចាប់យក សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី រីឯបក្សពួកជនល្មើស ដែលនៅសេសសល់ផ្សេងៗទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រម៉ាញ់បន្ត៕