(ភ្នំពេញ)៖ លោកស្រី មុំ ចានីដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានស្នើយ៉ាងទទូចទៅដល់ជនងាយរងគ្រោះ រួមមាន៖ កុមារា កុមារី អំ ពូ មី ក្មួយៗ ដែលកំពុងយកអំបោសដើរបោសរថយន្ត នៅតាមភ្លើងស្តុប ធ្វើជារបបចិញ្ចឹមជីវិតនោះ សូមវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅពេលនេះ។

លោកស្រី មុំ ចានីដានី បានអង្វរដោយទទូចបែបនេះ ខណៈលោកស្រី និងលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះយកម៉ាស សាប៊ូ និងភួយ ផ្តល់ជូនដល់ក្រុមជនងាយរងគ្រោះ នៅតាមភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា ជាការឆ្លើយតបទៅសកម្មភាពមនុស្សធម៌ ជំរុញមិនឲ្យមាននរណាម្នាក់ស្លាប់ដោយគ្មានបាយទទួលទាន ឬដោយសារអាជ្ញាធរ យើងមិនបានដឹងនោះ ខណៈនេះក្រុមការងារមន្ទីរសង្គមកិច្ច បានចុះពិនិត្យ និងបានស្នើឲ្យពួកគាត់ វិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងចូលផ្ទះ ដើម្បីការពារពួកពីហានិភ័យនៃរលកព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបាននិងកំពុងរីករាលដាលក្នុងសហគមន៍។

លោកស្រីបន្តថា «យើងស្នើនេះ គឺដើម្បីសុខមាលភាពពួកគាត់ ដែលងាយនឹងទទួលរងគ្រោះនៃជំងឺឆ្លងផ្សេងៗ»

ជាមួយគ្នានេះ លោក តូច ចាន់នី បានបញ្ជាក់ផងដែរថា ក្រុមជនងាយរងគ្រោះ មិនចង់រស់នៅតាមមណ្ឌល ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសង្គមកិច្ច បានយកពួកគាត់ទៅរស់នៅ ក្រោមការយកចិត្តទុក្ខថែរក្សា ចិញ្ចឹមបីបាច់របស់គោលនយោបាយ ជាតិនោះទេ ពោលគឺគាត់ចង់រស់នៅដោយសេរី ដើរត្រាច់ចរតាមដងផ្លូវ តាមស្តុប ដើម្បីរស់មួយបែបរបស់ពួកគាត់។

លោកបន្តថា «ក្រុមនេះជាក្រុមពិសេសជាងគេ ជាក្រុមរងគ្រោះ ជាក្រុមពិបាក ទើបក្រុមការងារ នៃមន្ទីរសង្គមិច្ច ត្រូចចុះមកមើលថែទាំគាត់ ដូចជាផ្តល់ម៉ាស សាប៊ូ និងណែនាំគាត់ កុំអោយលេងរហេតរហូត គឺកាត់បន្ថយពីការនៃជំងឺកូវីដនេះ។ ដូចកន្លងមក ក្រសួង ក៏ដូចមន្ទីរមានគោល អ្នកដែលនៅតាមផ្លូវទាំងនេះ ក្រុមការងារមន្ទីរតែងតែចុះយកពួកគាត់ ទៅស្នាក់នៅតាមមណ្ឌល មានរបបហូបចុក និងចិញ្ចឹមគ្រប់គ្រាន់។ ប៉ុន្តែពួកមិនចង់ទទួលសេវាថែទាំផ្គត់ផ្គង់ពីយើងទេ» ។

ពាក់ព័ន្ធនឹងស្ថានភាពការពារជំងឺកូវីដ១៩នេះ លោក តូច ចាន់នី បានបញ្ជាក់ថា សព្វថ្ងៃមន្ទីរសង្គមកិច្ច មានមណ្ឌលជាច្រើនដែលយកមនុស្សទៅដាក់តាមមណ្ឌល ដូចជាមណ្ឌលវិប្លាសស្មារតី មណ្ឌលកុមារកំព្រា ជនអនាថា ហើយមណ្ឌលទាំងនេះ មានហានិភ័យខ្ពស់ ចឹងទេក្រុមការងារបានចុះចែកម៉ាស អាល់កុល ជែល និងពង្រឹងការណែនាំបង្រៀនដល់ពួកគាត់ឲ្យពាក់ម៉ាស់ លាងដៃនិងសាប៊ូ អាល់កុល ជែល ធ្វើយ៉ាងណាឲ្យពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ១៩។

លោក តូច ចានីនី បានបញ្ជាក់ទៀតថា ជាវិធានការការពារកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងមិនអនុញ្ញាតឲ្យអ្នកក្រៅចូលមណ្ឌល និងអ្នកក្នុងចេញក្រៅមណ្ឌល៕