(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅស្រុកតាំងគោក ដែលមានវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៩នាក់ បានជាសះស្បើយវិញអស់ហើយ ខណៈអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន ៤២នាក់ទៀតនោះ ក៏បានបញ្ចប់ការធ្វើចត្តាឡីស័កជាបន្តបន្ទាប់ផងដែរ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានទាំងបួនលើករួចមក។ នេះបើតាមលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដែលបានថ្លែងប្រាប់ Fresh News នាព្រលប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។

គួរជម្រាបថា ការរាលដាលនៅមូលដ្ឋានស្រុកតាំងគោកនេះ គឺដំបូងឡើយ មានយុវតីម្នាក់ឈ្មោះ ឡេង មីងហួយ បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយនាងបានធ្វើដំណើរពីខេត្តព្រះសីហនុចូលមកស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាស្រុកកំណើតរបស់ខ្លួន ព្រោះដោយសារមានធុរៈចាំបាច់ក្នុងគ្រួសារ។ បន្ទាប់មក ក៏បានឆ្លងដល់សាច់ញាតិរបស់នាងចំនួន ៨នាក់ (៩នាក់ បើគិតទាំងមីងហួយ) និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលតៗគ្នាចំនួន ៤២នាក់ទៀត។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងថា «មកទល់ពេលនេះ ពួកគាត់ដែលឆ្លងបន្តពី ឡេង មីងហួយ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ព្រមទាំងយុវតី ឡេង មីងហួយ ផងដែរនោះ គឺបានសះជាចេញពីមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកអស់ហើយ»

លោកបន្តថា អ្នកជាសះស្បើយចុងក្រោយគេ គឺបានចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃទី០៥ ខែមេសា ម្សិលមិញ ហើយអាជ្ញាធរបានណែនាំឱ្យគាត់ធ្វើចត្តាលីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះបន្តទៀតដែរ។

តែទោះជាយ៉ាងណា លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅត្រូវបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» ដែលណែនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាវិធានអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមកក្នុងសហគមន៍តទៅទៀត៕