(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតប្រមាណ ១០៩គ្រួសារ នៅស្រុកឈូក និងស្រុកជុំគីរី។

ក្នុងជំនួបសួរសុខទុក្ខទាំងពីរស្រុកខាងលើនេះ លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ ដោយមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាត របស់ពលរដ្ឋបានមួយគ្រាផងដែរ។

លោក ជាវ តាយ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងវិធានការ ៣ការពារ (ពាក់ម៉ាសនៅទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

សូមបញ្ជាក់ដែរថា អំណោយកាកបាទក្រហម ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២ស្រុកខាងលើ រួមមាន៖ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៧៨ម៉ឺនរៀល៕