(ព្រះសីហនុ)៖ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ និងសមាជិក នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម​សម្ពោធដាក់ឲ្យប្រើប្រាស់​តារាងបាល់បោះនៅ វិទ្យាល័យស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កម្មវិធីនេះមានវត្តមានចូលរួមពី ប្រធាន ក្រុមប្រឹក្សាស្រុកស្ទឹងហាវ កញ្ញាអភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។ លោក ខែម រ៉ន នាយកវិទ្យាល័យ​ស្ទឹងហាវ បានឲ្យដឹងថា តារាងបាល់បោះនេះទើបតែបានសាងសង់រួចរាល់ ដោយបានការឧបត្ថម្ភសាង សង់ដោយក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុតម្លៃ១,៨០០$។ ថ្លែង​ក្នុងឱកាសដ៏សែនសប្បាយ រីករាយ និងស្និតស្នាលជាមួយប្អូនៗ សិស្សានុសិស្សវិទ្យាល័យស្ទឹងហាវលោក ទៀ សុខា បានថ្លែងប្រាប់ ប្អូនៗ សិស្សានុសិស្សក្នុងឱកាសនោះថា ចលនាយុវជន​កម្ពុជា​ក្រុម១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិក លោក ម៉ឹង ពន្លក ជាប្រធាន ដើមឡើយបង្កើតឡើងក្នុងន័យគៀងគរ ជំនួយសប្បុរសធម៌ដើម្បីយក ទៅជួយឧបត្ថម្ភ វីរយុទ្ធជនយើង​នៅសមរភូមិ​មុខ តាមបណ្តោយព្រំដែនប្រទេសថៃ ប៉ុន្តែក្រោយមកដោយស្ថានការណ៍ នៅតាមបណ្តោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានស្ថេរភាពឡើងវិញ ក៏បានបង្វែរជំនួយសប្បុរសធម៌ទាំងនេះ មកជួយដល់​ជន​ទីទ័លក្រ ស្រ្តីម៉េម៉ាយ ជនបាត់បង់សមត្ថភាព ឬជួបប្រទះគ្រោះមហន្តរាយដោយសារ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះជាដើម។

មិនតែប៉ុណ្ណោះជំនួយទាំងនេះ ក៏បានឧបត្ថម្ភបំរើដល់វិស័យអប់រំបន្ថែមទៀត ដូចជា ពេលនេះជាដើម។ ដោយមើលឃើញពីកីឡា នាំមកនូវសុខភាពល្អ ព្រមទាំងនាំប្អូនៗ ឲ្យជៀសចេញចាកឆ្ងាយ​ពីគ្រឿង​ញៀន​បន្ថែមទៀត ទើបបងៗទាំងអស់គ្នា បានផ្តល់ថវិការ ដើម្បីជួយ​សាងសង់តារាងបាល់បោះ ទុកដើម្បីប្អូនៗបានហាត់កីឡាផង និងដើម្បីឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀនផងដែរ។ បន្ទាប់ពី​បានកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់តារាងបាល់បោះនេះរួចមក លោក ទៀ សុខា ក៏បានផ្តល់បាល់បោះចំនួន៤ ស្បែកជើងកីឡាដល់កីឡាករបាល់បោះចំនួន១៤នាក់ និងអាវកីឡាករ​បាល់ទាត់​ចំនួន៣៥នាក់​ផងដែរ៕