(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគប្រមាណជាង ១២.៦លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន MCBAG CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។

២៖ ក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២២កន្លែង៕