(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយសម្តែងការអបអរសាទរជូនចំពោះ លោក ផាម មិញជិញ ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្រ្តីថ្មី របស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងសារលិខិតផ្ញើទៅកាន់ លោក ផាម មិនជិញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាមមកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម»

លោក ផាម មិញជិញ (Pham Minh Chinh) អតីតមេបញ្ជាការកងកម្លាំងរក្សាសន្តិសុខវៀតណាម ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម នៅក្នុងសម័យប្រជុំសភាជាតិវៀតណាម ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បន្តពីលោក ង្វៀង សួនហ៊្វុក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាម។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល៥៤ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិប្តតិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។ ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសាមគ្គីរវាងប្រជាជនប្រទេសទាំងពីរ។ នេះបើតាមសារលិខិតសម្តេចតេជោ។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖ «ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ»

សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងធ្វើការយ៉ាងជិតស្និទ្ធទាងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាមអាចជម្នះបាននូវបញ្ហាប្រឈមជាច្ើរន ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីផលប្រយោជន៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

ខាងក្រោមនេះជាសារលិខិតអបអរសាទរបស់សម្តេចតេជោ ហ៊ុន សែន៖