(កំពង់ឆ្នាំង)៖ លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា បើការធ្វើតេស្តលើកទី៣ ចំពោះអ្នកប៉ះពាល់ផ្ទាល់ «អវិជ្ជមាន» លោកនឹងស្នើសុំអនុញ្ញាតពីលោកអភិបាលខេត្ត បើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ។

ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស្រុករលាប្អៀរ ដឹកនាំដោយលោក យង់ សៅវុឌ្ឍី អភិបាលស្រុក បានចុះពិនិត្យស្ថានភាពផ្សារពង្រ ស្ថិតនៅក្នុងឃុំពង្រ ដែលត្រូវបានបិទការលក់ដូរជាបណ្ដោះអាសន្ន តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១។ មកដល់ពេលនេះ ផ្សារពង្រ បានបិទមានរយៈពេល ១២ថ្ងៃហើយ។

លោក យង់ សៅវុឌ្ឍី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា បន្ទាប់ពីធ្វើការពិនិត្យជាក់ស្ដែងសង្កេតឃើញថា អាជីវករលក់ត្រី សាច់ បន្លែ ផ្លែឈើ ខោអាវ និងអីវ៉ាន់ចាប់ហួយផ្សេងៗ អ្នកខ្លះបានដាក់តាំងលក់នៅអមសងខាងផ្លូវ ពុំសូវមានសណ្តាប់ធ្នាប់ល្អ ប៉ះពាល់ដល់សោភ័ណភាព និងមធ្យោបាយក្នុងការធ្វើចរាចរណ៍ផ្សេងៗ។ ចំពោះបរិវេណផ្សារ អ្នកដែលមានតូបបែរមុខមករកផ្លូវ អ្នកខ្លះបើកលក់តែត្រូវបានចងខ្សែ ដូចនេះពុំសូវមានមនុស្សចូលទិញនោះទេ ដោយប្រជាពលរដ្ឋមានការភ័យខ្លាចនៅឡើយ ក្នុងនោះដែរក្រុមការងារក៏បានចុះណែនាំដល់អាជីវករ និងប្រជាពលរដ្ឋ កុំឲ្យភ្លេចចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅ ក្នុងផ្សារពង្រកន្លងមក ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះវិធានការ ការពារចំពោះការឆ្លងកូវីដ-១៩ និងផ្នែកយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលពិសេសអនុវត្ត តាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន គឺវិធានការ ៣កុំ និង៣ការពារ ដោយពួកគាត់អនុវត្តបានល្អប្រសើរផងដែរ។ ក្នុងនោះដែរ រូបលោកផ្ទាល់ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋយើងទាំងអស់ សាទរចំពោះលទ្ធផលធ្វើតេស្ត អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃ២១ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិទ័ពត្បែង ឃុំពង្រ កន្លងទៅនេះ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល លទ្ធផលធ្វើតេស្តចំនួន ២លើក «អវិជ្ជមាន» ទាំងអស់គ្នា។

លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងអ្នកមានជំងឺកូវីដ-១៩ ពីរនាក់ប្ដីប្រពន្ធ ចំនួន១១នាក់ នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅក្នុងឃុំពង្រ កន្លងទៅនេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងត្រូវយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ប្រសិនបើលទ្ធផលតេស្តចុងក្រោយនេះ ទទួលបានអវិជ្ជមាន នៅថ្ងៃទី៦ ខែមេសាខាងមុខនេះ លោកនឹងស្នើសុំការអនុញ្ញាតពីលោកអភិបាលខេត្ត បើកឲ្យអាជីវករចូលលក់ដូរក្នុងផ្សារពង្រនេះវិញហើយ។

សូមជម្រាបថា ការបិទផ្សារពង្រ កើតឡើងដោយសារ ពាក់ព័ន្ធនឹងពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ ដែលមានកូវីដ១៩ និងបានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕