(ស្វាយរៀង)៖ ប្រជាពលរដ្ឋ ៣៤នាក់ និងក្មេងតូចៗ៣នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ឈ្មោះ នេត ប៊ុនធាន ដែលបានទៅលេងស្រុកនេះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកទៅពិនិត្យ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ ការចុះយកសំណាកនេះ មានការដឹកនាំដោយ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្រុកប្រតិបត្តិស្វាយទាប (OD)។

លោក សុច ពិសី និងក្រុមការងារ បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលត្រូវបានយកសំណាកនេះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ហើយត្រូវពាក់ម៉ាស់ សម្អាតដៃនឹង សាប៊ូ ជែល ឬអាកុល ឱ្យបានញឹកញាប់ ហើយរង់ចាំលទ្ធផលវិភាគសំណាកនៅពេលក្រោយទៀត។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានរ បស់ខ្លួន អនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក។

សូមបញ្ជាក់ថា ចំពោះស្ថានភាពទូទៅនៅស្រុកកំពង់រោទិ៍ តំបន់កាស៊ីណូ និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួន ហាក់មានសភាពស្ងប់ស្ងាត់ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ដោយបានគោរពទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងអាជ្ញាធរ ដោយផ្ទះលក់ទំនិញមួយចំនួនបានវាតខ្សែមិនឲ្យអ្នកទិញទំនិញ ចូលក្នុងផ្ទះបាននោះទេ ដោយឲ្យតម្រូវទិញពីខាងក្រៅវិញផងដែរ។

បើតាមការអាជ្ញាធរខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ថមថយនៅឡើយទេ ដោយមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតដល់ទៅ ១២៣នាក់ និងមានអ្នកជាសះស្បើយតែ២នាក់ប៉ុណ្ណោះ ហើយអាជ្ញាធរបានត្រៀមមន្ទីរពេទ្យបន្ថែមទៀតសម្រាប់ព្យាបាលអ្នកជំងឺ ដោយបច្ចុប្បន្ន មានមន្ទីរពេទ្យ២ គឺមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកស្រុករំដួល សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ៕