(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា លោកបានបញ្ចប់ការសាកសួរ មន្រ្តីយោធាដែលរងការចោទពីបទ បាញ់ប្រហារទៅលើអ្នកបុរសម្នាក់ ជូនទៅអង្គភាពសាម៉ី របស់គេហើយ ដើម្បីយកទៅដាក់ទោសបន្តទៀតតាមច្បាប់ នៃកងកម្លាំងប្រដាប់អាវុធ។

លោក សៀង សុខ បានបញ្ជាក់ថា «ក្រោយពីពិនិត្យឯកសារអង្គភាពផ្ទៀងផ្ទាត់ការបញ្ជាក់សាម៉ីអង្គភាព ខ្ញុំយល់ថា ជាអំពើបាញ់បោះសេរី (គ្មានបទបញ្ជា) គប្បីដាក់វិន័យក្នុងអង្គភាពសាម៉ី។ ហើយត្រូវបានប្រធានអង្គភាព មកយកទៅវិន័យក្នុងន័យ កងកំលាំងហើយ»

សូមបញ្ជាក់ថា កម្លាំង​កងរា​ជអាវុធរាជ​ធានី​ភ្នំពេញ​ បាន​បញ្ចូន​ជនសង្ស័យ​ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ ហើយ​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ចំនួន​មួយ​គ្រាប់​ ដែល​ប្រព្រឹត្ត​ដោយ​​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់​ ទៅ​លើ​អ្នក​រត់​ម៉ូតូឌុប​ ទៅ​តុលាការ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍និងបណ្តាលអោយផ្ទុះអាវុធនេះបានកើតឡើងនៅ​ម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ។

បុរស​ជាជនរង​គ្រោះ​មាន​ឈ្មោះ​ រៀម ឃួន​ អាយុ២៦ឆ្នាំ​ ជិះ​ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1I-2354 ​ស្ថិតតាមបណ្តោយ ផ្លូវ២៧១​ ក្នុងសង្កាត់ទឹកថ្លាខណ្ឌ​សែនសុខ។​ ចំណែក​ឯ​ជនសង្ស័យដែល​ជា​មន្ត្រី​យោធា​ឈ្មោះ​ អ៊ុង​ គីម​ហេង​ អាយុ៣១​ឆ្នាំ​ ជិះ​រថយន្ត​ Lexus ​RX330 ពណ៌​​ស្ករ​ ពាក់ស្លាកលេខខេមរៈភូមិន្ទ 02 2-6882។

មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានប៉ះទង្គិចគ្នា ស្រាប់តែម្ចាស់រថយន្ត បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅលើបុរសរត់ម៉ូតូ តែមិនត្រូវ។ ក្រោយបាញ់ប្រហារហើយ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួន រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏មាន ប្រជាពលរដ្ឋ ជាច្រើននាក់ បើកម៉ូតូដេញតាមរហូតយកដុំថ្ម គប់ទៅលើរថយន្តបង្ក បណ្តាលឲ្យបែកកញ្ចក់ទៀតផង៕