(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមថា សម្រាប់អាជីវករនៅផ្សារអូរឫស្សីទាំងអស់ អាចទៅយកសំណាករកជំងឺកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថា នៅពេលទៅយកសំណាកអាជីវករទាំងអស់ ត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឲ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យសំណាកនៅវិទ្យាល័យបាក់ទូក។

ក្នុងករណីអាជ្ញាធរពិនិត្យឃើញថា អាជីវករខកខាន ឬគេចវេសមិនបានទៅយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារអូរឫស្សី ដែលមានផ្ទុកជំងឺកូវីដ១៩នោះ អាជ្ញាធរមិនអនុញ្ញាយឲ្យអាជីវករ ដែលមិនបានទៅយកសំណាករកជំងឺនោះ ចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលបើកដំណើរការផ្សារឡើងវិញឡើយ។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះ មានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះ ហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក៕