(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្រេចយកអគារចំនួន២ របស់ក្រុមហ៊ុនកាស៉ីណូបាវិត-ម៉ុកបាយ ជាមណ្ឌលព្យាបាលអ្នកកើតជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ម្ចាស់អគាររបស់ក្រុមហ៊ុនកាស៉ីណូបាវិត-ម៉ុកបាយ មានភារកិច្ចដូចខាងក្រោម៖

*ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ដ្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឲ្យមានលក្ខណៈសមស្រប ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩

*ត្រូវរៀបចំសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងអគារទាំងក្នុង និងជុំវិញបរិវេណអគារ ក្រុមហ៊ុន មុននឹងពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩

*ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងអគារក្រុមហ៊ុន ដែលចាំបាច់ត្រូវនៅបម្រើការងារបន្ដដូចជាៈ អ្នកសម្អាតអនាម័យ, អ្នកដាំស្ល, ឬសន្ដិសុខ ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែក ពីអគារដែលជាមណ្ឌលព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ

*ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល៕