(​រ៉ង​ហ្គូ​ន​)៖ គណកម្មាធិការ​ការពា​រ​គ្រោះ​រញ្ជួយ​ដី​របស់​សហភាព​មី​យ៉ាន​ម៉ា បាន​និង​កំពុង​តាមដាន​យ៉ាង​ល្អិតល្អន់ ចំពោះ​រលក​យក្ស​ស៊ូណាមិ ដែល​អាច​ទៅរួច ក្រោយ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត ៨,៣ រ៉ិ​ច​ទ័របាន​វាយប្រហារ ភាគ​ខាងលិច​ឥណ្តូណេស៊ី នៅ​យប់​ថ្ងៃ​ពុធ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែ​មីនា ឆ្នាំ​២០១៦​។​

​ក្រុមអ្នកតាមដាន​រប​ស់មី​យ៉ាន់​ម៉ា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​អូស្ត្រាលី ដើម្បី​តាមដាន​ចលនា​នៃ​រលក​យក្ស​ស៊ូណាមិ ដែល​អាច​កើតមាន ព្រោះ​តំបន់​ដែល​ទទួល​រងគ្រោះ​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ វា​ជិត​នឹង​តំបន់​ដែល​ធ្លាប់​កើត​មាន​រលក​យក្ស​ស៊ូណាមិ កាលពី​ចុងឆ្នាំ ២០០៤ ដែល​បណ្តាលឲ្យ​មនុស្ស​ជាង ពីរ​សែន​នាក់ បាត់បង់​ជីវិត​។​

​ដោយឡែក​សម្រាប់​ឥណ្តូណេស៊ី វិញ​ការព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ ត្រូវបាន​លុប​ចោល​ហើយ ស្របពេល​ដែល ការខូចខាត​ទ្រព្យសម្បត្តិ ឬ​ក៏​មនុស្ស​រងគ្រោះថ្នាក់​នោះ នៅ​មិនទាន់មាន​សេចក្តីរាយការណ៍​ណា​បញ្ជាក់ ថា​មាន​ទំហំធំធេង​ប៉ុណ្ណា​នោះឡើយ​៕​