(ភ្នំពេញ)៖ ម្ចាស់ដេប៉ូប្រេងឥន្ធនៈ «សាវីមិច គីម ហុក» ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញបុគ្គលិករបស់ខ្លួនម្នាក់ ឱ្យចូលខ្លួនមកដោះស្រាយបញ្ហា បន្ទាប់ពីបុគ្គលិករូបនេះ បានយកលុយជិត ២ពាន់ដុល្លារគេចខ្លួន។

លោក ហ៊ុក ទី ម្ចាស់ដេប៉ូប្រេងឥន្ធនៈរូបនេះ បានរៀបរាប់ក្នុងបណ្តឹងដាក់ទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យថា នៅវេលាម៉ោងជិត ៣រសៀលថ្ងៃទី០៤ ខែមេសា ម្សិលមិញនេះ បុគ្គលិកផ្នែកចាក់សាំងរបស់ខ្លួនម្នាក់ មានឈ្មោះ រាជ្យ ម៉េងគួង អាយុ ៣៥ឆ្នាំ បានយកលុយចាក់សាំងចំនួន ១៣០០ដុល្លារ និង ២លានរៀល ហើយគេចខ្លួនបាត់។

បុគ្គលិករូបនេះ មានស្រុកកំណើតនៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក ហ៊ុក ទី បានហៅបុគ្គលិករូបនេះ ឱ្យយកលុយមកប្រគល់ជូនលោកវិញ ប្រសិនបើរូបគេមិនចង់ពាក់ព័ន្ធនឹងផ្លូវច្បាប់វែងឆ្ងាយ ឬឈានទៅជាប់ពន្ធនាគារទេនោះ៕