(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននានា ជួយផ្សាយពាណិជ្ជកម្មនៅក្នុងកម្មវិធីចាក់បញ្ចាំខ្សែភាពយន្ត និងសិល្បៈរបស់ខ្មែរ ក៏ដូចជាកីឡា តាមកញ្ចក់ទូរទស្សន៍ ដើម្បីជួយឲ្យសិល្បៈ និងកីឡារបស់ខ្មែរអាចវិវឌ្ឍរីកចម្រើនទៅមុខ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ នៅសាលមហោស្រពចតុមុខ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ បានថ្លែងអំពាវនាវដូច្នេះ «សូមអំពាវនាវចំពោះពាណិជ្ជករទាំងឡាយ ដែលមានផលិតផលផ្សាយពាណិជ្ជកម្ម សូមមេត្តាចូលរួមផ្សាយពាណិជ្ជកម្មក្នុងកម្មវិធី ម៉ោងពេល ដែលទូរទស្សន៍នានាចាក់ផ្សាយ នូវសិល្បៈខ្មែរទាំងភាពយន្តក្តី ទាំងចម្រៀងក្តី ទាំងទម្រង់សិល្បៈនានាក្តីសូមគាំទ្រ។ សូមអំពាវនាវដល់អ្នកមានធនធានទាំងឡាយគាំទ្រដល់វិស័យសិល្បៈខ្មែរ ហើយក៏គាំទ្រដល់សកម្មភាព កីឡារបស់កម្ពុជាផងដែរ»។

សម្តេចតេជោ ហ៊ុន សែន តែងបានថ្លែងអំពាវនាវជារឿយៗ ដល់ម្ចាស់ក្រុមហ៊ុន ឲ្យជួយផ្សាយពាណិជ្ជកម្មគាំទ្រដល់សិល្បៈ របស់ខ្មែរ។ ការអំពាវនាវ បានធ្វើបន្ទាប់ពីមានម្ចាស់ស្ថានីយ៍ទូរទស្សន៍ខ្មែរតែងបានលើកឡើងថា ការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរ និងការសម្តែងទម្រង់សិល្បៈនានារបស់ខ្មែរ មិនសូវមានការគាំទ្រផ្សាយពាណិជ្ជកម្មពីបណ្តាក្រុមហ៊ុន ឬម្ចាស់ផលិតផលនោះឡើយ ដែលជាហេតុនាំឲ្យម្ចាស់ស្ថាន័យ៍ជ្រើសយកភាពយន្តបរទេស មកចាក់បញ្ចាំង ដើម្បីទទួលបានការដាក់ផ្សាយពាណិជ្ជកម្ម ពីម្ចាស់ក្រុមហ៊ុននានា៕