(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បាននិងកំពុងជួសជុលផ្លូវលេខ ៧៨-៥ មានប្រវែង ៨គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ចេញពីស្រុកអូរជុំឆ្ពោះទៅស្រុកតាវែង ដើម្បីបង្កើនភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលអាស្រ័យការធ្វើដំណើរតាមផ្លូវមួយខ្សែនេះ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានចុះទៅពិនិត្យការដ្ឋានជួសជុលផ្លូវខាងលើ ដើម្បីត្រួតពិនិត្យមើលដំណើការនានា។

នាឱកាសនោះ លោក សាយ សាមាន បានឱ្យដឹងថា ទោះបីជាប្រទេសជាតិកំពុងជួបប្រទះវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែខ្នះខ្នែងខិតខំស្វែងរកកញ្ចប់ថវិកាក្នុងការជួសជុល កសាងផ្លូវ ដើម្បីជាដំណោះស្រាយនូវផលវិបាក និងទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកប្រធានមន្ទីរបានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាផ្លូវទាំងអស់គ្នា កុំដឹកលើសទម្ងន់កំណត់ធានាប្រើប្រាស់យូរអង្វែង ហើយរាយការណ៍ជាបន្ទាន់ ប្រសិនជាមានការខូចខាត ឬបាក់រលំដើមឈើកាត់ផ្លូវក្នុងតំបន់ណាមួយ ដើម្បីឲ្យក្រុមការងារវិស្វកម្មចុះទៅជួសជុល ដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាមួយនឹងសកម្មភាពកាត់ផ្លូវជួសជុលនេះដែរ លោក ប្លាក់ វីន ជាមេភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ការជួសជុលផ្លូវលេខ៧៨-៥ នេះ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ទៅមន្ទីរពេទ្យ សាលារៀនជាដើម លែងមានការលំបាកដូចមុនទៀតហើយ ជាពិសេសនៅចំណុចភ្នំវែង ដែលផ្លូវបត់បែនឡើងចុះមានភ្នំចោតខ្លាំង ពិបាកឆ្លងកាត់ណាស់ក្នុងរដូវវស្សា ហើយមានគ្រោះថ្នាក់ថែមទៀតផង៕