(ភ្នំពេញ)៖ ពីទីក្រុងឈៀងម៉ៃ ប្រទេសថៃ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២២ លោកទេសរដ្ឋមន្រ្តី  ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រ  សួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវស្វាមី ឪពុក និង ជាជីតា ដ៏ល្អ មួយរូប។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា មរណភាពរបស់លោក ប៉ែង ប៉ាត់ សមាជិកព្រឹទ្ធសភា ជាការបាត់បង់ស្វាមី ដ៏ឧត្តុង្គឧត្តម បិតា ជីតា  ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបនៅក្នុងសង្គមកម្ពុជា ដែលបានតស៊ូអង់អាចក្លាហាន ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «ក្នុងឱកាសប្រកបដោយសមានទុក្ខ ដ៏ក្រៀមក្រំនេះ ខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកនូវ មរណទុក្ខ ដោយក្តីស្តាយស្រណោះ និងអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់ នៃ សព ដោយសេចក្តីសង្វេគជាទីបំផុត»

សូមបញ្ជាក់ថា លោក ប៉េង ប៉ាត់ បានទទួលមរណភាពបានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត  ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៦ឆ្នាំ។ លោក ប៉េង ប៉ាត់ គឺជាយុទ្ធមិត្តមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន ដែល ប្រកៀកស្មាតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕