(ព្រះវិហារ)៖ ទេយ្យទានគ្រឿងឧបភោគ បរិភោគ និងថវិកា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវឧកញ៉ា គៀន ស្រីនាង ត្រូវបានយកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៦ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។

ទេយ្យទាន និងថវិកា ត្រូវបានក្រុមការងារលោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ យកទៅប្រគេនព្រះសង្ឃនៅថ្ងៃទី០២ និងទី០៣ ខែមេសា ឆ្នាំ២០២១។

វត្តដែលទទួលបានទេយ្យទាននេះរួមមាន៖ វត្តព្រះអង្គធំ (ភ្នំគូលែន), វត្ត្តព្រះក្រាល និងវត្តភ្នំរុំព័ទ្ធហៅវត្តពេីងតាគុយ ស្ថិតក្នុងស្រុកស្វាយលេី ស្ថិតក្នុងខេត្តសៀមរាប។ វត្តឧត្តមរស្មី, វត្តសុវណ្ណរតនៈ, វត្តសុវណ្ណគិរី ស្ថិតក្នុងខេត្តព្រះវិហារ។

ទេយ្យទានដែលប្រគេនព្រះសង្ឃនោះ ក្នុងមួយវត្តទទួលបាន៖ អង្ករ មី ទឹកដោះគោឆៅ ទឹកសុទ្ធ ទឹកក្រូច, ដបនិងទឹកអាកុល, ម៉ាស ត្រីងៀត និងបច្ច័យចំនួន ១,០០០,០០០រៀល។

យោងតាមក្រុមការងាររបស់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព បានបញ្ជាក់ថា ការនាំយកទេយ្យទានប្រគេនព្រះសង្ឃតាមបណ្តាវត្តនានានៅពេលនេះ ធ្វើឡើងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីដោះស្រាយការលំបាក និងចង្ហាន់របស់ព្រះសង្ឃ ដែលកំពុងជួបការខ្វះខាតក្នុងកំលុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ក្រុមការងារក៏បានសូមព្រះសង្ឃគង់នៅតាមវត្តនានា ជួយចូលរួមផ្សព្វផ្សាយសារអប់រំទប់ស្កាត់ជំងឺកូវីដ១៩ តាមវិធានសុខាភិបាល។ បន្ថែមពីលើនោះ ត្រូវជម្រាបប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ក្នុងឱកាសនោះ ក្រុមការងារក៏បានស្នើព្រះសង្ឃអនុវត្តន៍សំណូមពររបស់សម្តេចតេជោ វាយគង វាយរគាំង ទូងស្គរ នៅតាមទីអារាម ដើម្បីបញ្ជូនសារទៅប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ការឆ្លង និងចម្លងជំងឺកូវីដ១៩៕