(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៩នាក់ ក្នុងនោះភ្នំពេញ ៣៣នាក់ ខេត្តស្វាយរៀង ៤៤នាក់ ខេត្តកណ្តាល៥នាក់ ខេត្តកោះកុង ៨នាក់ ខេត្តត្បូងឃ្មុំ៤នាក់ ខេត្តព្រះសីហនុ៤នាក់ និងខេត្តតាកែវម្នាក់ ខណៈអ្នកជំងឺចំនួន៣២៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ថ្មីទាំង៩៩នាក់នេះ សុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរ ៨០នាក់, ជនជាតិចិនចំនួន១៦នាក់, ជនជាតិវៀតណាមម្នាក់, ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិអាមេរិកម្នាក់។

សម្រាប់អ្នកជាសះស្បើយចំនួន៣២៩នាក់វិញ មាន២នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង៣២៧នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទទួលបានលទ្ធផលអវិជ្ជមានចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដោយបន្តតាមដានសុខភាព រយៈពេល១៤ថ្ងៃបន្ថែមទៀតនៅផ្ទះ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ២,៦៤៥នាក់ (ស្ត្រី ១,២៣០នាក់) ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ២,១១៦នាក់ (ស្ត្រី ១,០៤១នាក់), អ្នកព្យាបាលជា សះស្បើយមានចំនួន ១,៥៨៥នាក់ (ស្ត្រី ៦៤៩នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,០៣៦នាក់ (ស្ត្រី ៥៦៩)។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១៩នាក់ ក្នុងនោះស្ត្រី១០នាក់៕