(កណ្ដាល)៖ អ្នកជំងឺកូវីដ-១៩ ដែលបានសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រុកកោះធំ ខេត្តកណ្តាល ចំនួន២១២នាក់ បានជាសះស្បើយ ត្រូវអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ប៉ុន្តែត្រូវធ្វើចត្តាឡីស័កដាច់ដោយឡែកចំនួន ១៤ថ្ងៃបន្តទៀត។ ខណៈនៅសល់តែ២៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលបន្ត។

ក្នុងលិខិតរបស់មន្ទីរសុខាភិបាលខេត្តកណ្ដាល គោរពជូនរដ្ឋមន្ត្រីសុខាភិបាល ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ ដែលមានខ្លឹមសារថា «ក្នុងនាមរដ្ឋបាលសាលាខេត្តកណ្តាល ប្រធានមន្ទីរសុខាភិបាលខេត្ត បានចេញលិខិតប្រកាសផ្លូវការកថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រុកកោះធំ មានអ្នកជំងឺចំនួន២១២នាក់ (ស្រី ៧៤នាក់) បានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងនោះមានជនជាតិខ្មែរចំនួន ៦៣នាក់ (ស្រី៣៧នាក់), ជនជាតិចិន ១១១នាក់ (ស្រី ៨នាក់), ជនជាតិវៀតណាម ២៨នាក់ (ស្រី ១៩នាក់) និងជនជាតិថៃ ចំនួន១០នាក់ ប្រុសទាំងអស់»

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺទាំង២១២នាក់នេះ បានយកសំណាកទៅពិនិត្យរកមេរោគចំនួន២ដង ដែលជាលទ្ធផលបញ្ជាក់ថា អវិជ្ជមាន ទើបអាជ្ញាធរអនុញ្ញាតឱ្យទៅផ្ទះតែធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត ហើយដល់ចំនួនថ្ងៃទី១៣ សូមពួកគាត់ត្រូវតែមកផ្តល់សំណាក ចុងក្រោយម្តងទៀត ដើម្បីបញ្ជាក់លម្អិតបន្ថែម។

គួររំលឹកថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រុកកោះធំ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ប្រកាសបើកនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយយកកាស៊ីណូ យុង យ័ន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ធ្វើជាមណ្ឌលព្យាបាលជំងឺបណ្តោះអាសន្ន ហើយគិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានទទួលអ្នកជំងឺកូវីដ-១៩ មកថែទាំព្យាបាលបានចំនួន២៣៥នាក់។

បច្ចុប្បន្នបើជាសះស្បើយបានចំនួន ២១២នាក់ ហើយដូចនេះនៅមានអ្នកជំងឺកូវីដ-១៩ នៅសល់ត្រឹមតែ ២៣នាក់តែប៉ុណ្ណោះ។ អំឡុងពេលធ្វើចត្តាឡីស័កមានជនជាតិវៀតណាមម្នាក់ បានលួចរត់ទៅស្រុកគេវិញ ប៉ុន្តែបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ក នៅទឹកដីវៀតណាមបានសម្រេច៕