(កំពង់ស្ពឺ)៖ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចុះពិនិត្យទីតាំងដែលត្រៀម ដើម្បីបញ្ចុះសពឥស្លាមសាសនិក បើមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅចំណុចភូមិ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ទីតាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូនសាលារាជធានីភ្នំពេញ នូវផ្ទៃដីចំនួនប្រមាណជិត៥០ហិកតា សម្រាប់ធ្វើជាទីឈាបនដ្ឋាន បូជាសពដែលស្លាប់ដោយជំងឺកូវីដ១៩ ដែលក្នុងនោះ ក៏បានផ្តល់ជូនសហគមន៍ឥស្លាម សម្រាប់ចាត់ចែងបញ្ចុះសពតាមប្រពៃណី ចំនួន៥ហិកតាផងដែរ។

ការអញ្ជើញចុះពិនិត្យធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំឥស្លាម មកពីក្រសួងពាក់ព័ន្ធ តំណាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា អាជ្ញាធរពាក់ព័ន្ធ និងតំណាងពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលស្រុកឱរ៉ាល់ផងដែរ។

លោក ម៉ាន សុគ្រី បានលើកឡើងថា ការបញ្ចុះសព គឺជាការអនុវត្តតាមធម៌ក្រិតក្រម វិន័យសាសនាឥស្លាម ហេតុនេះបើមានករណីសាសនិកឥស្លាមស្លាប់ ដោយសារជំងឺកូវីដ១៩ គឺតម្រូវឲ្យមានការបញ្ចុះ ដែលអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

ថ្នាក់ដឹកនាំ និងតំណាងសហគមន៍ខ្មែរឥស្លាម បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យសាសនិកឥស្លាម បានអនុវត្តការចាត់ចែងបញ្ចុះសពតាមប្រពៃណី និងធម៌វិន័យឥស្លាម បើមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ជាមួយគ្នានេះដែរ ថែមទាំងបានដោះស្រាយជូនដី សម្រាប់បញ្ចុះសពចំនួន៥ហិកតាផងដែរ៕