(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការស្លាប់ដោយសារជនជាតិកូរ៉េម្នាក់ ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឲ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ ដែលរស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង០១៖៣០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាល បុរសខាងលើបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង១១៖៣០នាទីព្រឹក។ នៅថ្ងៃដដែលនេះ ដោយលទ្ធផល នៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ១៩ អ្នកជំងឺ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសម ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែលវេលាម៉ោង០៩៖១៥នាទីយប់។

ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងមកហើយនោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១៖៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិកូរ៉េ អាយុ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៣ ខែមេសា អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតមានចំនួនសរុប ២៣នាក់ហើយ។ ក្នុងនោះ ១៩នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងអ្នកជំងឺ ៥នាក់ ស្លាប់ដោយសារអាការៈនៃជំងឺផ្សេង។

ខាងក្រោមជាទិន្នន័យអ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិត បង្ហាញផ្លូវការដោយក្រសួងសុខាភិបាល៖
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
* ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ហៅឌីជេប៊ុម ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
* ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
* ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
* ទី៩៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ នៅខេត្តព្រះសីហនុ។
* ទី១០៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ Hou Houy នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អាយុ៧២ឆ្នាំ។
* ទី១១៖ អ្នកជំងឺអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ម៉ោង៧៖០៥នាទីយប់ ថ្ងៃទី២៧ ខែមីនា
* ទី១២៖ អ្នកជំងឺ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៣៖ អ្នកជំងឺកូវីដ១៩ អាយុ២៨ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៤០នាទីរសៀលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
* ១៤៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ១៥៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៉ី។
* ទី១៦៖ អ្នកជំងឺអាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
* ទី១៧៖ អ្នកជំងឺកូវីដ១៩ ភេទស្រី អាយុ ៦១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទី។
* ទី១៨៖ អ្នកជំងឺកូវីដ១៩ ភេទប្រុស អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ បុរសរូបនេះ បានស្លាប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖១០នាទី។
* ទី១៩៖ អ្នកជំងឺកូវីដ១៩ ជាបុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣០នាទី។

អ្នកជំងឺកូវីដ១៩ ដែលស្លាប់ដោយសារអាការរោគផ្សេងមាន៥នាក់រួមមាន៖

* ១៖ បុរសជនជាតិចិន ឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។ ស្លាប់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយសារការរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូង។
* ២៖ បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្លាប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
* ៣៖ ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ។ ស្លាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដោយសារបាត់បង់ឈាមច្រើនយ៉ាងគំហុក។
* ៤៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅលំនៅឋាននៅឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្លាប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។
* ៥៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ អ្នកជំងឺរូបនេះ បានស្លាប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ នៅគេហដ្ឋាន៕