(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគជាអង្ករ ចំនួន២០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខក្រុមគ្រួសារសពស្ត្រីឈ្មោះ មាស និរតី អាយុ២៨ឆ្នាំ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត។

សកម្មភាពមនុស្សធម៌នេះ មានការចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, នគរបាលប៉ុស្ដិ៍ខណ្ឌ-សង្កាត់ និងមន្ត្រីរាជការខណ្ឌ-សង្កាត់មួយចំនួនទៀត ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ លោក ជា ពិសី បាននាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារសពស្ត្រីឈ្មោះ ហ៊ូ ហូយ អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមជម្រាបថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀត ជាស្ត្រីជនជាតិខ្មែរឈ្មោះ មាស និរតី អាយុ២៨ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅម៉ោង១៤៖៤០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕