(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១០ឆ្នាំ បាត់ពីផ្ទះប៉ុន្មានត្រូវគេប្រទះឃើញសពនៅក្នុងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សង្ស័យជាករណីឃាតកម្ម។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ។

គួរជម្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់នេះ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។

អង្គភាពការពារកុមារ បានទទួលព័ត៌មាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការស្វែងរកកុមាររងគ្រោះ ហើយក្រុមការងារចម្រុះក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ លុះនៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា កុមាររងគ្រោះ កុមាររងគ្រោះនៅក្នុងស្ថានភាពបាត់ខ្លួននៅឡើយ ហើយការស៊ើបអង្កេតក៏បន្ត។

នៅវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ សាកសពកូនក្មេងមួយត្រូវបានរកឃើញនៅក្នុងគម្ភព្រៃ ក្បែរផ្លូវធំមួយនៅសង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាល ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត ដើម្បីពិនិត្យស្រាវជ្រាវ។

បន្ទាប់មកនគរបាល នៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុរកឃើញ ស្បែក០១គូ (របស់កុមារារងគ្រោះ) និងសពកុមារារងគ្រោះឃើញស្នាមរហែក សន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង (ម្ខាង២)។ បច្ចុប្បន្ន សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនឃាតកមកផ្ដន្ទាទោសតាមច្បាប់៕