(ព្រៃវែង)៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី២ នៅខេត្តព្រៃវែង មានចំនួន៤២,២៣០ដូស ដែលស្មើនឹងចំនួនមនុស្សជាង ២ម៉ឺននាក់ ហើយយុទ្ធនាការនេះ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យខេត្ត។

ជាមួយគ្នានេះ លោក ជា សុមេធី អភិបាលខេត្ត និងជាសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ម្សិលមិញ បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសនៅតាមមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

លោកអភិបាលខេត្តក៏សូមរំឮកជូនដល់មន្ត្រីផងដែថា មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ គឺត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្តនូវវិធានការ ៣ ការពារ (ពាក់ម៉ាស លាងដៃអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង ៣ កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕