(ភ្នំពេញ)៖​ រនាំងដែកពុះចែកទ្រូងផ្លូវ ចំនួន១១ផ្ទាំង ត្រូវបានបាក់ខ្ទេចខ្ទី ដោយសារជនជាតិចិន២នាក់ បើករថយន្ត​ទៅបុក ​នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ គេបានឃើញជនជាតិចិន២នាក់ បានបើករថយន្តមួយគ្រឿងម៉ាក​ Lexus RX300 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2L-7862 តាមបណ្តោយផ្លូវមុនីវង្ស ក្នុងទឹសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុជនជាតិចិននោះ បានបើករថយន្តរេទៅបុករនាំងដែក បណ្តាលឲ្យបាក់អស់១១ផ្ទាំង និងបណ្តាលឲ្យរថយន្តរងការខូចខាតផងដែរ។

បន្ទាប់ពីបុកហើយ ជនជាតិចិនទាំងពីរនាក់នោះ ព្យាយាមបើករថយន្តរត់ ចេញពីកន្លែងកើតហេតុ រហូតមកដល់ផ្សារអូរឫស្សី តែត្រូវបានសមត្ថកិច្ចល្បាតរបស់ខណ្ឌ៧មករា ​ឃាត់បានភ្លាមៗផងដែរ។

បន្ទាប់ពីឃាត់បានហើយ ជនជាតិចិនទាំងពីរនាក់ រួមជាមួយរថយន្តត្រូវបានសមត្ថកិច្ច បញ្ជួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងសំណង នៃការខូចខាតនេះ៕