(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា គឺខ្វះភាពសត្យានុម័ត ទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មានពីកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា ដោយបានរិះគន់ថា ខ្លួនបានរកឃើញ អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា និងចោទថា រដ្ឋាភិបាលកម្ពុជាបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី០២ ខែមេសា បញ្ជាក់ថា៖ របាយការណ៍នេះ ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់មួយចំនួនដូចខាងក្រោម៖

* ទីមួយ៖ ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

* ទីពីរ៖ សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។

* ទីបី៖ របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំងបដិសេធ លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៏ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស។

* ចុងក្រោយ៖ ខ្លឹមសារនិងពាក្យពេជន៍នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្តូរខុសប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធឬលក្ខណៈយុទ្ធសាស្ត្របែបណាដែលប្រទេសនិមួយៗមានជាមួយអាមេរិក ។ ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញនិងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។ ដូចដែល ឯកឧត្តម អានតូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើង «សិទ្ធិមនុស្ស ដាច់ខាត់មិនមែនជាយានសំរាប់ស្តង់ដារទ្វេ ឬមធ្យោបាយដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ»។

អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការគោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕