(ត្បូងឃ្មុំ)៖ បើតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញនារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៣ករណីថ្មីបន្ថែមទៀត លើស្ត្រីឈ្មោះ អុន ចាន់ឌី ព្រមទាំងកូនស្រីចំនួន ០២ នាក់ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈរដ្ឋបាលស្រុកពញាក្រែក ក៏បានចេញសេចក្តី សម្រេចបិទ ការចេញ-ចូល ក្នុងភូមិឡ ឃុំកោងកាង ជាបណ្ដោះអាសន្នសិន រហូតមានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានោះ ចំពោះប្រជាពលរដ្ឋនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ៣១ នាក់ ស្រី ២៦នាក់ ដែលមានការពាក់ព័ន្ធប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ ទាំង៣នាក់ខាងល់ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ យកមកធ្វើចត្ដាឡីស័កតាមចំនួនកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ដដែលនេះ។

ចំពោះអ្នកវិជ្ជមានទាំង០៣នាក់ ម្តាយនិងកូន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពញាក្រែក ដោយឡែក អ្នកទាំង៣១នាក់ ដែលពាក់ព័ន្ធ បាននាំយកមកធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្បូងឃ្មុំ QC2 (មណ្ឌលចត្តាឡីស័ក ទី ២) ស្ថិតនៅក្នុងតំបន់រដ្ឋបាលខេត្តត្បុងឃ្មុំ ដោយមានការរង់ចាំទទួល ពីសំណាក់ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្ត រួមទាំងសមាជិក គណៈកម្មាការ Covid-19 ខេត្ត ក៍ដូចជាក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។

នៅវិទ្យាល័យត្បូងឃ្មុំ QC2 នេះ គឺជាមណ្ឌលចត្តាឡីស័ក ទី ២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្តនានា តែងបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ឲ្យយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕