(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មានបំភ្លៃមួយ លើ Facebook ឈ្មោះ «នាយករដ្ឋមន្ត្រីគំរូ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដែលផ្សព្វផ្សាយថា មានបុរសម្នាក់បានស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន។

តាមរយៈបណ្តាញព័ត៌មាន Fresh News, លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវយកអ្នកបំភ្លៃព័ត៌មានខាងលើ ទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមច្រានចោលទាំងស្រុងនូវការប្រឌិតបែបនេះ។ នេះជារូបភាពយូរមកហើយ ហើយសពក៏មិនទាន់បានចាក់វ៉ាក់សាំងដែរ។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផង»