(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២ ខែមីនានេះ បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ លោកស្រី ចំពោះការបាត់បង់ស្វាមី គឺនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានផ្ញើសារថ្លែងអំណរគុណជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតយ៉ាងដូច្នេះថា «នាងខ្ញុំ​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា-​ព្រឹទ្ធសភា​ និងអធិការកិច្ច​ ត្រូវជាភរិយា​របស់​សព ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ប៉េង​ ប៉ាត់​ សមាជិកព្រឹទ្ធសភា​ ព្រមទាំងក្រុមគ្រួសារ​សូមថ្លែង អំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​  ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយគ្រួសារនាងខ្ញុំ។​ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំ​ និងក្រុមគ្រួសារ​សូមគោរពជូនពរ ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ព្រមទាំងក្រុមគ្រួសារ​បានទទួលនូវពុទ្ធពរទាំង​ ៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ»