(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដោយពេលព្រឹក៖ ចាប់ពីម៉ោង ៨:០០ រហូតដល់ម៉ោង១១:០០ និងពេលរសៀល៖ ចាប់ពីម៉ោង ១៤: ០០ រហូតដល់ម៉ោង ១៧: ០០។

គួររំលឹកផងដែលថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បន្តទៀត អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសំណូមពរដល់មន្រ្តីខ្លួន អនុវត្តទៅតាមការណែនាំរបស់ក្រូសួងសុខាភិបាលឱ្យបានត្រឹមត្រូវដូចជា៖

* ពាក់ម៉ាសជាប់ជានិច្ច
* លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាកុល ឬទឹកដែលសម្រាប់លាងដៃឱ្យបានញឹកញាប់
* មិនមានជួបជុំគ្នាកុះករច្រើន លើសពី២០នាក់
* រក្សាគម្លាតសុវត្ថិភាព ឱ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាដើម៕