(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការ ត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ក្នុងអាណត្តិទី៣ នៅពេលខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាម គ.ជ.ប, ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ចំនួន ៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា «ក្រុមប្រឹក្សា»

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌនោះ។ សម្រាប់ក្រុងបូកគោនៃខេត្តកំពតដែលទើបបង្កើតថ្មីនេះ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមកាលបរិចេ្ឆទ ដែលកំណត់ដោយនាយករដ្ឋមន្រ្តីតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា នៅចំពោះមុខ គ.ជ.ប ត្រូវត្រៀមរៀបចំការងារជាច្រើន ដូចជា៖ ការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ដែលទើបបង្កើតថ្មីនេះ៕