(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តពេញលេញនូវបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ លើកលែងក្នុងករណីចាំបាច់ និងបុគ្គលអាទិភាព ដែលបានកំណត់ក្នុងសេចក្ដីសម្រេចដែលចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការអនុវត្តពេញលេញនូវយប់នេះ បន្ទាប់ពីអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយពេញមួយថ្ងៃម្សិលមិញ ទាំងតាមបណ្ដាញព័ត៌មាន សង្គម Facebook ក៏ដូចជាការផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសអ្នកដែលធ្វើដំណើរនៅពេលយប់។ ការដាក់ចេញនូវបំរាមគោចររបស់អាជ្ញាធរបែបនេះ គឺធ្វើឡើងដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

គួរជម្រាបថា សម្រាប់អ្នកដែលមិនគោរពតាមបំរាមគោចរនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័កអាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។

ដោយឡែក បុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបំរាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឲ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។

អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងករណីក្រុមហ៊ុនមានបុគ្គលដែលត្រូវចេញពីធ្វើការយប់ ត្រូវសម្រួលការងាររដ្ឋបាល ជូនបុគ្គលិករបស់ខ្លួន ដោយត្រូវចេញលិខិតបញ្ជាក់អំពីពេលវេលាធ្វើការច្បាស់លាស់ នៅក្នុងលិខិតនោះ ហើយឲ្យបុគ្គលដាក់តាមខ្លួនពេលចេញពីធ្វើការ ព្រោះងាយស្រួលបង្ហាញសមត្ថកិច្ចនៅតាមគោលដៅ។

អភិបាលរាជធានីភ្នំពេញ បានអះអាងទៀតថា សម្រាប់ប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខាតបាន ត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើបានដោយគ្មានការហាមឃាត់។

មួយវិញទៀត ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណង នៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ។

ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរដែលបានដាក់ចេញនេះ។

* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040

បើតាមលោក ម៉េត មាសភក្ដី ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕