(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ ស្ម័គ្រចិត្ត ជូនមន្ត្រីអគ្គីសនី រដ្ឋបាល ឃុំ សង្កាត់ និងប្រជាពលរដ្ឋចំនួន ២,០៥២នាក់ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា យុទ្ធនាចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac នឹងចាក់ជូនមន្ត្រីអគ្គីសនី រដ្ឋបាល ឃុំ សង្កាត់និងប្រជា ពលរដ្ឋមានទីតាំងចំនួន១២កន្លែង ក្នុងនោះមាន៖ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី, ការិតាល័ហសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី, មន្ទីរពេទ្យបង្អែក សិរីសោភ័ណ, វិទ្យាល័យសិរីសោភ័ណ, មន្ទីរពេទ្យបង្អែកព្រះនេត្រះព្រះ, សាលាបឋមសិក្សាស្រះជីក, មន្ទីរពេទ្យបង្អែកស្វាយចេក, មន្ទីរពេទ្យបង្អែកស្រុកថ្មពួក, មន្ទីរបង្អែកស្រុកម៉ាឡៃ, មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃសន្តិភាព, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត មានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង២ក្រុម។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីមនុស្សអាយុ ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរនិងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ ប្រជាជនកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាសាលាក្រុង សាលាស្រុក និងប្រជាពលរដ្ឋ ទូទាំង៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុង ស្រុក បានបែងចែកក្នុងការចាក់វ៉ាក់សាំងជូនដោយ ផ្អែកលើគោលការស្ម័គ្រចិត្តតែប៉ុណ្ណោះ៕